ក្បួនរើសដៃគូចូលហ៊ុនមានទ្រព្យទាំង​៤នេះ អាចជោគជ័យយូរអង្វែង និងមិនឈ្លោះគ្នាបាត់បង់មិត្តភាព


ជាទូទៅ ដើម្បីចាប់ផ្ដើមអាជីវកម្មមួយឱ្យមានភាពរីកចម្រើនទៅមុខបានលឿន និងយូរអង្វែងទៅមុខ ប្រាកដណាស់ដែលយើងត្រូវការដៃគូអាជីវកម្មឬម្ចាស់ភាគហ៊ុនមកចូលរួមជាមួយគ្នា ដើម្បីអាចទទួលបានគំនិតល្អៗ និងធនធានដើម្បីចូលរួមជ្រោមជ្រែងអាជីវកម្មរបស់យើងកាន់តែរីកចម្រើនទៅមុខ ប្រៀបបីដូចជាពាក្យមួយគេពោលថា “បើចង់ដើរបានលឿន ចូរដើរតែម្នាក់ឯង ប៉ុន្តែបើចង់ដើរបានឆ្ងាយ ចូរដើរជាក្រុម”។ អាស្រ័យហេតុនេះ យើងនឹងបង្ហាញនូវទ្រព្យដ៏មានតម្លៃបំផុតទាំង ៤ដែលគួរគិតគូ មុនពេលរើសនរណាម្នាក់ឱ្យចូលហ៊ុនរកស៊ីជាមួយគ្នា ដើម្បីអាចជោគជ័យយូរអង្វែងនិងមិនឈ្លោះទាស់ទែងបាត់មិត្តភាពទៅថ្ងៃក្រោយ។ 

ទី១. កេរ្តិ៍ឈ្មោះ៖ បុគ្គលដែលយើងនឹងចាប់ដៃរកស៊ីជាមួយគ្នា ត្រូវតែជាមនុស្សដែលមានកេរ្តិ៍ឈ្មោះស្អាតស្អំក្នុងសង្គម ដែលនេះមានន័យថា មិនមែនទាល់តែជាមនុស្សដែលល្បីល្បាញអ្វីនោះទេ គឺគ្រាន់តែបុគ្គលម្នាក់នោះជាមនុស្សដែលសុចរិត មិនធ្លាប់មានរឿងអាស្រូវផ្សេងៗជាដើម។

ទី២. ជំនាញ៖ បុគ្គលម្នាក់ដែលអាចរកស៊ីជាមួយគ្នាបានល្អ គួរតែជាមនុស្សម្នាក់ដែលមានជំនាញផ្សេងៗគ្នា ដើម្បីជួយបំពេញគ្នាទៅវិញទៅមក។ ឧទាហរណ៍ថាយើងចង់បានម្ចាស់ភាគហ៊ុន ៥នាក់ ដូច្នេះពួកគេម្នាក់ៗគួរតែជាមនុស្សដែលមានជំនាញផ្សេងៗគ្នាដូចជា៖ អ្នកទី១មានជំនាញលក់ អ្នកទី២មានជំនាញដឹកនាំ អ្នកទី៣មានជំនាញហិរញ្ញវត្ថុ អ្នកទី៤មានជំនាញរដ្ឋបាល និងអ្នកទី៥ ​មានជំនាញទីផ្សារជាដើម។ មែនទែនទៅ យើងគប្បីឱ្យតម្លៃលើមនុស្សដែលមានជំនាញខ្ពស់ៗ ជាងដៃគូអាជីវកម្មដែលមានលុយតែមួយមុខ។ 

ទី៣ អត្តចរិត៖ បុគ្គលម្នាក់នោះត្រូវតែជាមនុស្សម្នាក់ដែលមានអត្តចរិតល្អ ងាយស្រួលធ្វើការងារជាមួយគ្នា មានភាពស្មោះត្រង់ មានការប្ដេជ្ញាចិត្តខ្ពស់និងមានចំណុចវិជ្ជមានមួយចំនួនផ្សេងទៀត។ ជាទូទៅការមើលទៅលើអត្តចរិតនេះសំខាន់ណាស់ ព្រោះប្រសិនបើបុគ្គលម្នាក់នោះមានអត្តចរិតមិនល្អទេ គឺងាយនឹងធ្វើឱ្យកើតមានជម្លោះនឹងគ្នាខ្លាំងណាស់។

ទី៤ លុយ៖  ចំណុចចុងក្រោយនោះគឺ លុយ ប៉ុន្តែគប្បីឱ្យតម្លៃទៅលើវានេះជាចំណុចចុងក្រោយបានហើយ ព្រោះប្រសិនបើបុគ្គលម្នាក់មានត្រឹមតែលុយតែមួយមុខ ក៏មិនសូវជាល្អប៉ុន្មាននោះទេ។ ផ្ទុយទៅវិញ ប្រសិនបើបុគ្គលម្នាក់នោះមានទាំងលុយហើយ មានទាំង៣ចំណុចខាងលើទៀតរឹតតែល្អ។ 

ទន្ទឹមនឹងនេះដែរ ប្រិយមិត្តប្រហែលជាចង់ដឹងហើយថា តើធ្វើយ៉ាងណាដើម្បីរក្សាចំណងដៃគូអាជីវកម្មឱ្យបានយូរអង្វែង និងជៀសផុតពីការកើតមានជម្លោះបែកបាក់គ្នា? ជាការពិតណាស់នៅក្នុងការចាប់ដៃគូធ្វើអាជីវកម្មជាមួយគ្នា បើទោះបីជាមិនឈ្លោះគ្នារហូតឈានទៅដល់ការបែកបាក់គ្នាក៏ដោយ ក៏តិចឬច្រើន ជៀសមិនផុតពីការអាក់អន់ស្រពន់ចិត្តនិងគ្នាទៅវិញទៅមកតិចតួចនោះទេ។ 

ដូច្នេះ ដើម្បីអាចរក្សាចំណងដៃគូអាជីវកម្មឱ្យបានយូរអង្វែង គឺយើងត្រូវបង្ហាញថាអ្វីគ្របប់យ៉ាងដែលយើងធ្វើគឺដើម្បីប្រយោជន៍ និងគោលដៅ ទាំងមូលរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ មិនមែនដើម្បីប្រយោជន៍បុគ្គលណាម្នាក់នោះទេ។ អ្វីដែលសំខាន់នៅពេលដែលមានបញ្ហា ឬការអាក់អន់ស្រពន់ចិត្ត យើងត្រូវយកបញ្ហានោះមកជជែកជាមួយគ្នា មិនត្រូវលាក់បាំង ឬលាក់ទុកក្នុងចិត្តតែម្នាក់ឯងនោះទេ។ ពេលខ្លះយើងអាចមានការទាស់ទែងគំនិតមួយចំនួននៅក្នុងការប្រជុំ ប៉ុន្តែក្រោយចប់ការប្រជុំ យើងត្រូវធ្វើការសម្របសម្រួលគ្នាឡើងវិញ និងបង្ហាញថាអ្វីគ្រប់យ៉ាងដែលធ្វើគឺដើម្បីគោលដៅ និងប្រយោជន៍ក្រុមហ៊ុនទាំងមូលតែប៉ុណ្ណោះ។

ជាសង្ខេបមកវិញ នៅក្នុងការជ្រើសរើសនរណាម្នាក់មកជាដៃគូអាជីវកម្មយើងគួរតែមើលទៅលើចំណុច ៤យ៉ាងធំៗគឺ កេរ្តិ៍ឈ្មោះ ជំនាញ អត្តចរិត លុយ។ ហើយដើម្បីឱ្យចំណងអាជីវកម្មបានយូរអង្វែងយើងត្រូវបង្ហាញថារាល់អ្វីៗដែលយើងធ្វើគឺដើម្បីគោលដៅ និងប្រយោជន៍រួមរបស់ក្រុមហ៊ុនទាំងមូលតែប៉ុណ្ណោះ មិនមែនដើម្បីខ្លួនឯងឬបុគ្គលណាម្នាក់នោះទេ។ 

អត្ថបទដោយ៖ Long Vathanak – ឡុង វឌ្ឍនៈ https://www.business-cambodia.com

About Mr Vichara

ខ្ញុំចូលចិត្ត ស្តាប់តន្រ្តី អាន និងស្រាវជ្រាវ នូវចំណេះដឹងទាក់ទងនឹង ការអភិវឌ្ឍន៍ខ្លួនឯង នឹងបច្ចេកវិទ្យា ព្រមទាំងចែករំលែកអ្វីដែលខ្ញុំបានដឹង ទៅដល់មិត្តភក្តិ....

Posted on September 5, 2021, in ជីវិត និង សង្គម. Bookmark the permalink. Leave a comment.

សូមមានមតិយោបល់

វិជ្ជរ៉ា ប្លុក

ចែករំលែកពត័មាននិងចំណេះដឹង​ !

សប្បាយនឹងអាន...

អានដើម្បីចំនេះដឹង...អានដើម្បីភាពសប្បាយរីករាយ